Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

មុខរបរ​ធ្វើ​ត្បាល់បុក​-​ត្បាល់កិន​ពី​ថ្ម​ជួយ​ឱ្យ​ពលរដ្ឋ​រកប្រាក់​ចំណូល​បាន​គួរសម​

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​នៅពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​នោះ​មាន​ពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​ជ្រៃវៀន​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​បាន​ចាប់យក​មុខរបរ​ផលិត​ត្បាល់បុក និង​ត្បាល់កិនម្សៅ នៅតាម​ផ្ទះ​ដែល​អាច​រកប្រាក់​ចំណូល​បាន​គួរសម​។​ ​លោក ឡេង វណ្ណ ម្ចាស់​ទីតាំង​ផលិត​ត្បាល់បុក ត្បាល់កិន​ធំជាងគេ​នៅ​ភូមិ​ដៃ​បួន ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​គ្រួសារ​គាត់​ដូច​អ្នកភូមិ​ឯទៀត​ដែរ​បាន​ចាប់យក មុខរបរ​ធ្វើ​ត្បាល់បុក ត្បាល់កិន​ដោយ​ប្រើ​ថ្មដា​និង​ថ្មភ្នំ​នេះ​ត​ពី​ដូនតា​យូរ​មកហើយ​។ របរ​នេះ​បាន​ជួយ ឱ្យ​អ្នកភូមិ​មាន​ជីវភាព​ល្អប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​។ ​លោក​បញ្ជាក់ថា​ផលិតផល​ទាំងនោះ​ក្រោយ​ធ្វើបាន​គឺមាន​ឈ្មួញកណ្តាល​មក​ទិញ​ដល់​កន្លែង​។​ក្រៅពីនោះ​គឺ​ដឹក​ទៅ​លក់​ដោយ​ខ្លួនឯង​នៅតាម​ខេត្ត​ដូចជា​ខេត្តសៀមរាប​,​បន្ទាយមានជ័យ​,​បាត់ដំបង​និង​ខេត្ត​មួយចំនួនទៀត​។​ត្បាល់បុក​ធុន​តូច​មួយ​លក់បាន​ជាង​មួយ​ម៉ឺន​រៀល​,​ត្បាល់កិនម្សៅ​មួយ​លក់បាន​ជិត​៣​ម៉ឺន​រៀល​។​ ​ លោក​ឲ្យ​ដឹងថា​សព្វថ្ងៃ​អ្នកធ្វើ​របរ​នេះ​កើនឡើង​យ៉ាងច្រើន​ព្រោះ​ធ្វើ​ដោយ​ម៉ូ​ទ័​រ​ប្រើ​ភ្លើង​ងាយស្រួល​ក្នុង​មួយថ្ងៃ​អាចធ្វើ​បាន​ពី​៤​ទៅ​៥​គ្រឿង​ពី​ដើម​ធ្វើ​ដោយ​ដៃ​ក្នុង​មួយថ្ងៃ​បានត្រឹមតែ​មួយ​ប៉ុណ្ណោះ​។​ចំពោះ​គ្រួសារ​ដែល​ស៊ីឈ្នួល​ផលិត​ឲ្យ​គេ​នោះ​ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​បាន​ពី​ជិត​១០​ទៅ​ជាង​១០​ម៉ឺន​រៀល​។​ចំណូល​នេះ​គឺ​ច្រើនជាង​អ្នក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទៅទៀត​។​ ​លោក សំរឹទ្ធ អន មេឃុំ ជ្រៃវៀន​បាន​ឲ្យ​ដឹងថា អាជ្ញា​ធរមាន​គម្រោង​ចង់​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ត្បាល់ បុក និង​ត្បាល់កិន​ចំនួន​៣៧១​គ្រួសារ​នៅ​ភូមិ​ដៃ​បួន​និង​ភូមិ​តា​កោ​ចងក្រង​ជា​សហគមន៍ ឲ្យ​បាន​រឹងមាំ ងាយស្រួល​ផ្តល់ ថវិកា ខ្លះ​សម្រាប់​ទិញ​វត្ថុធាតុដើម​ដូចជា​ថ្ម​និង​ជួយ​រក​ទីផ្សារ​។ លោក​បញ្ជាក់ថា​របរ​នេះ​គឺ​ពិតជា​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​នៅនឹងកន្លែង​ដោយ​មិនចាំបាច់ ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​៕S/

Related news

Latest News
Hashtags:   

មុខរបរ​ធ្វើ​ត្បាល់បុក​

 | 

​ត្បាល់កិន​ពី​ថ្ម​ជួយ​ឱ្យ​ពលរដ្ឋ​រកប្រាក់​ចំណូល​បាន​គួរសម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources