Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 5 days ago

សិស្សានុសិស្ស​ក្រុង​កំពត​ទទួល​ចំណេះដឹង​អំពី​ជំងឺអេដស៍​/​មេរោគ​អេដស៍​

ដោយ​: បូកគោ / កំពត​: ក្នុង​បំណង​ដាស់​ស្មារតី​ជន​គ្រប់រូប​ឱ្យបាន​យល់ច្បាស់​ដើម្បី​គេចផុត​ពី​វិបត្តិ​ទៅ​ថ្ងៃក្រោយ កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពត​បាន​បញ្ជ្រាប​ការយល់ដឹង​ដល់​សិស្សានុសិស្ស​ក្រុង​កំពត​ប្រមាណ​៣៥០​នាក់​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ ជំងឺអេដស៍​ដើម្បី​ឆ្លើយតប​ចំពោះ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​មេរោគ ដ៏​កាច​សាហាវ​នោះ​។​ ​ក្នុង​ពិធី​បិទ​ការផ្សព្វផ្សាយ​បន្ទាប់ពី​ដំណើរ​បណ្តុះបណ្តាល​ពេញ​មួយ​រសៀល លោក​រស់ សិ​ល​វាត់ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​មានប្រសាសន៍ថា​អេដស៍​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដែល​បាន និង​កំពុង​កើតមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ពុំមាន​ថ្នាំ​សម្រាប់​ព្យាបាល ហើយនឹង​ឈានទៅ​បំផ្លាញ​ខ្លួនឯង គ្រួសារ សហគមន៍ ក៏ដូចជា​សង្គមជាតិ​ទាំងមូល​។ ក្នុងករណី​បើ​មាន​សមាជិក​ណា​ម្នាក់​ផ្ទុកមេរោគ​អេដស៍ នោះ​នឹង​នាំឱ្យ​គ្រួសារ​ទទួលរង​នូវ​ការបាត់បង់​ពេលវេលា ប្រាក់ចំណូល រួច​ក្លាយជា​គ្រួសារ​ក្រីក្រ​ជាក់​ជាមិនខាន​។ និយាយ​រួម ប្រសិនបើ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​កាន់តែច្រើន ប្រទេសជាតិ​នឹង​ជួប​វិបត្តិ​រឹតតែ​ធ្ងន់ធ្ងរ តាមរយៈ​ការបាត់បង់​ធនធានមនុស្ស ខ្វះ​កម្លាំង​ពលកម្ម ហើយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជាមួយ​ឥទ្ធិពល​ដ៏​កំណាច​នៃ​មេរោគ​នេះ​។ ​លោក​បាន​បន្តថា​សង្គម​ដែល​រឹងមាំ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​ទាំង​ផ្នែក​ច្បាប់ ទាំង​ចំណេះ​ទូទៅ និង​ការអនុវត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ ម្ល៉ោះហើយ ការបញ្ជ្រាប​ចំណេះដឹង​អំពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ ជំងឺអេដស៍​ដល់​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស​ដែល​ស្ថិតក្នុង​វ័យ​កំពុង​លូតលាស់ និង​ក្រេប​យកចំណេះ​ដឹង​ដើម្បី​ក្លាយជា​ធនធាន​សម្រាប់​អនាគត​ប្រទេសជាតិ​ជា​កត្តាចាំបាច់​បំផុត​៕ ល​

Related news

Latest News
Hashtags:   

សិស្សានុសិស្ស​ក្រុង​កំពត​ទទួល​ចំណេះដឹង​អំពី​ជំងឺអេដស៍​

 | 

​មេរោគ​អេដស៍​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources