Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

អាម៉េរិកដាក់ក្រុមហ៊ុនចិនរាប់សិបទៀតចូលក្នុងបញ្ជីខ្មៅ

សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រទី២២ឧសភាថា ខ្លួននឹងបន្ថែមក្រុមហ៊ុននិងស្ថាប័នចិនចំនួន ៣៣ ទៅក្នុងបញ្ជីខ្មៅនៃសេដ្ឋកិច្ចសម្រាប់ការជួយរបបក្រុងប៉េកាំងស៊ើបការណ៍លើជនជាតិភាគតិចអ៊ុយហ្គួរឬដោយសារតែមានទំនាក់ទំនងជាមួយអាវុធមហាប្រល័យទ្រង់ទ្រាយធំនិងយោធារបស់ចិន។ ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកបានកត់សម្គាល់នូវការខិតខំចុងក្រោយរបស់រដ្ឋបាលត្រាំក្នុងការបង្ក្រាបក្រុមហ៊ុនដែលទំនិញរបស់ខ្លួនអាចគាំទ្រដល់សកម្មភាពយោធាចិននិងដើម្បីដាក់ទណ្ឌកម្មប៉េកាំងចំពោះការប្រព្រឹត្តរបស់ខ្លួនចំពោះជនជាតិភាគតិចមូស្លីមនេះ។ រឿងនេះកើតឡើងខណៈពួកមេដឹកនាំបក្សកុម្មុយនីស្តនៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្របានបង្ហាញព័ត៌មានលម្អិតនៃផែនការដើម្បីអនុវត្តច្បាប់សន្តិសុខជាតិលើហុងកុង។ ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនចំនួន ៧ និងស្ថាប័នចំនួន ២ ត្រូវបានចុះបញ្ជីខ្មៅចំពោះ ការពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សនិងការរំលោភបំពាននានាដែលបានប្រព្រឹត្តនៅក្នុងយុទ្ធនាការរបស់ចិនក្នុងការបង្ក្រាប ការឃុំឃាំងតាមអំពើចិត្ត ការបង្ខំឱ្យធ្វើការ និងការឃ្លាំមើលបច្ចេកវិជ្ជាជាន់ខ្ពស់ប្រឆាំងនឹងជនជាតិអ៊ុយហ្គួរនិងជនជាតិផ្សេងទៀត ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថាក្រុមហ៊ុនស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នពាណិជ្ជកម្មចំនួន២០ផ្សេងទៀតត្រូវបានបន្ថែមក្នុងបញ្ចីសម្រាប់ការគាំទ្រដល់លទ្ធកម្មវត្ថុប្រើប្រាស់ផ្សេងសម្រាប់យោធាចិន។ ក្រុមហ៊ុនជាប់ក្នុងបញ្ជីខ្មៅទាំងនោះផ្តោតលើបច្ចេកវិជ្ជា AI និងបច្ចេកវិជ្ជាសម្គាល់មុខ ជាទីផ្សារដែលក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាម៉េរិកដូចជាក្រុមហ៊ុន Nvidia Corp និងក្រុមហ៊ុន Intel Corp បាននិងកំពុងវិនិយោគយ៉ាងខ្លាំងក្លា។ ក្នុងចំណោមក្រុមហ៊ុនជាប់បញ្ជីខ្មៅទាំងនោះគឺមានក្រុមហ៊ុន NetPosa ដែលជាក្រុមហ៊ុន AI ល្បីល្បាញជាងគេរបស់ចិន ដែលបច្ចេកវិជ្ជាសម្គាល់មុខរបស់ខ្លួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឃ្លាំមើលជនជាតិមូស្លីម។ ក្រុមហ៊ុន Qihoo360 ដែលជាក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណេតដ៏ធំមួយ ថ្មីៗនេះបានល្បីលើព័ត៌មានដោយអះអាងថាខ្លួនបានរកឃើញភស្តុតាងថា ឧបករណ៍ចារកម្ម CIA ត្រូវបានប្រើដើម្បីកំណត់ទិសដៅលើវិស័យអាកាសចរណ៍ចិន។ ក្រសួងពាណិជ្ជកម្មបាននិយាយថាខ្លួនកំពុងបន្ថែមក្រុមហ៊ុននិងស្ថាប័នទាំងនោះទៅក្នុង បញ្ជីឈ្មោះអង្គភាព របស់ខ្លួនដែលរឹតត្បិតការលក់ទំនិញរបស់សហរដ្ឋអាម៉េរិកដែលដឹកជញ្ជូនឱ្យទៅពួកគេនិងទំនិញមានកំណត់មួយចំនួនទៀត ដែលផលិតនៅបរទេសជាមួយនឹងវត្ថុធាតុឬបច្ចេកវិជ្ជារបស់អាម៉េរិក។ មេធាវីនៅវ៉ាស៊ីនតោន លោកខេវិន វូហ្វ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថា ការចុះក្នុងបញ្ជីខ្មៅចុងក្រោយបង្អស់នេះបង្ហាញនូវការបន្តកិច្ចប្រឹងប្រែងយូរអង្វែងរបស់រដ្ឋាភិបាលអាម៉េរិកក្នុងការហាមឃាត់ការនាំចេញទំនិញទៅក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សឬគាំទ្រដល់យោធាចិន៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

អាម៉េរិកដាក់ក្រុមហ៊ុនចិនរាប់សិបទៀតចូលក្នុងបញ្ជីខ្មៅ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources